អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដធ្វើសមយុទ្ធពន្លត់អគ្គិភ័យនៅផ្សារទំនើបអ៉ីអន៣ ដើម្បីពង្រឹងស្មារតីក្នុងត្រៀមសង្គ្រោះ និងជម្លៀសខ្លួនពីកន្លែងកើតហេតុ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដធ្វើសមយុទ្ធពន្លត់អគ្គិភ័យនៅផ្សារទំនើបអ៉ីអន៣ ដើម្បីពង្រឹងស្មារតីក្នុងត្រៀមសង្គ្រោះ និងជម្លៀសខ្លួនពីកន្លែងកើតហេតុ

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្ដសហការជាមួយផ្សារទំនើបអ៉ីអន៣ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ។ ក្រៅពីមន្ដ្រីនគរបាលជំនាញរបស់នាយកដ្ឋាន ក៏មានការចូលរួមពីបុគ្គលិករបស់ផ្សារទំនើបអ៉ីអន៣ ជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា ការធ្វើសមយុទ្ធរួមគ្នានៅពេលនេះ ដើម្បីឲ្យមន្ដ្រីនគរបាលជំនាញមានឱកាសពន្យល់អំពីការងារបច្ចេកទេសមួយចំនួន ដល់បុគ្គលិករបស់ផ្សារទំនើបអ៉ីអន៣ ឲ្យមានភាពច្បាស់ការ និងចូលរួមបង្ការ ទប់ស្កាត់ ពិសេសសង្គ្រោះបឋមនៅពេលមានគ្រោះអគ្គិភ័យកើតឡើង។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន បានអះអាងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិសេសលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ មន្ដ្រីនគរបាលជំនាញតែងតែផ្ដល់នូវកិច្ចសហការល្អជាមួយបណ្ដាគ្រឹះស្ថាន សហគ្រាស ពិសេសទីផ្សារធំៗ ដើម្បីជួយបណ្ដុះបណ្ដាលដល់បុគ្គលិកអំពីវិធានការបង្ការ និងការសង្គ្រោះបឋមនេះ។

លោកបានយល់ឃើញថា កន្លងទៅរហូតមកដល់ពេលនេះ ផ្សារទំនើបអ៉ីអន តែងតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវកិច្ចសហការជាមួយនាយកដ្ឋានជំនាញ ហើយក៏តែងតែធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់នៅគ្រប់សាខាទាំង៣នៃផ្សារទំនើបអ៉ីអន។ លោកចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម ជាពិសេសគោរពទៅតាមបទដ្ឋានគតិយុត្តិជាធរមាន។

ជាមួយគ្នានេះ លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅ នៃផ្សារទំនើបអ៉ីអន៣ បានលើកឡើងថា ផ្សារទំនើបអ៉ីអន៣ តែងស្នើសុំកិច្ចសហការពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីឲ្យបុគ្គលិកបានស្គាល់កាន់តែច្បាស់ និងត្រៀមខ្លួនក្នុងការបង្ការ និងសង្គ្រោះអគ្គិភ័យ។ លើសពីនេះ ដើម្បីឲ្យមន្ដ្រីនគរបាលរបស់នាយកដ្ឋានជំនាញ បានស្គាល់ច្បាស់អំពីទីតាំងប្រទាក់ក្រឡាគ្នា នៃបណ្ដាញទុយោទឹករបស់ផ្សារ។

លោកបានបន្ដថា ការស្នើសុំកិច្ចសហការធ្វើសមយុទ្ធនេះ ក៏ដើម្បីឲ្យបុគ្គលិករបស់ផ្សារទាំងអស់មានចំណេះដឹងបន្ថែម និងពង្រឹងស្មារតីឲ្យបានល្អ ក្នុងករណីមានអគ្គិភ័យកើតឡើង ងាយស្រួលក្នុងការគ្រប់គ្រង និងរាយការណ៍សុំជំនួយអន្ដរាគមន៍។ លោកបន្ថែមទៀតថា គ្រប់ផ្សារទំនើបអ៉ីអនទាំងអស់ ពិសេសអ៉ីអនមានជ័យ (អ៉ីអន៣) នៅតែបន្ដសហការជាមួយនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពដល់បុគ្គល។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ជិត៥ខែ ដើមឆ្នាំ២០២៤ គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានចំនួន៣៣៧/២៥៤លើក កើនឡើងចំនួន៨៣លើក ប្រៀបធៀបរយៈពេល១៤៤ថ្ងៃ (ជិត៥ខែ) ដើមឆ្នាំ២០២៣។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្លាប់មនុស្ស ចំនួន២៣នាក់, ស្រី៤នាក់ និងរងរបួសមនុស្ស ចំនួន៣៦នាក់, ស្រី៣នាក់។ ខូចខាតឆេះផ្ទះចំនួន ២៤៣/២២៨ខ្នង, រោងចក្រ ៦/១អគារ, បន្ទប់៣៧/៤៩បន្ទប់, រថយន្ត ២២/៣៤គ្រឿង និងឃ្លាំង១៨/១០ឃ្លាំង។ មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី ៣៥,១៨%, ការធ្វេសប្រហែសក្នុងការប្រើប្រាស់ភ្លើង ២៩,៣៩% និងក្ដាប់ពុំបាន១២,០៥%៕

No comments:

Post a Comment

Pages