លទ្ធផលនៃទស្សនកិច្ចការងារ និងការចូលរួមពិធីប្រកាសចូលកាន់តំណែង របស់ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

លទ្ធផលនៃទស្សនកិច្ចការងារ និងការចូលរួមពិធីប្រកាសចូលកាន់តំណែង របស់ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ

 

ភ្នំពេញ: តបតាមការអញ្ជើញរបស់ការិយាល័យ ប្រធានាធិបតីជាប់ ឆ្នោត នៃសាធារណរដ្ឋម៉ាល់ឌីវ និង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋ សភាធិការធិបតី ប្រធានរដ្ឋសភា កាលពីថ្ងៃទី ១៦-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និង ជាប្រធានសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានបំពេញទស្សនកិច្ចការងារ និងបានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីប្រកាសចូល កាន់តំណែងរបស់ ឯកឧត្តមបណ្ឌិត មូហាម៉ាត់ មុយស៊ូ (Mohamed Muizzu) ជាប្រធានាធិបតីថ្មី និង ឯកឧត្តម ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វ (Hussain Mohamed Latheef) ជាអនុប្រធានាធិបតីថ្មី នៅរដ្ឋធានីម៉ាល់ នៃសាធារណរដ្ឋម៉ាល់ឌីវ។

ក្នុងឱកាសនោះ លោក សួស យ៉ារ៉ា​ បានពាំនាំនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុត ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះឯកឧត្តមប្រធានាធិបតី និងអនុប្រធានាធិបតី។

ក្នុងជំនួបពិភាក្សាការងារដោយឡែក លោកអនុប្រធានាធិបតី ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វលោក បានលើកឡើង អំពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសម៉ាល់ឌីវ កាលពីខែមករា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តព្រះសីហនុ ដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» សម្រាប់អបអរខួបលើកទី៣០ ឆ្នាំ នៃចំណងការទូត ប្រទេសទាំងពីរ។ ភាគីទាំងពីរ បានពិភាក្សាលើ ការជំរុញកិច្ចសហប្រតិបត្តិការ រវាងគ្នា ដូចជាការតភ្ជាប់គោលដៅទេសចរណ៍ នៃប្រទេសទាំងពីរ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទៅវិញទៅមក លើការអភិរក្សវប្បធម៌ និងធនធានសមុទ្រ រួមគ្នាលើកកម្ពស់សន្តិភាព ក្នុងតំបន់ និងពិភពលោក មនុស្សធម៌ សន្តិសុខស្បៀង ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរជាតិ និងអន្តរសភានានា។

ឆ្លៀតក្នុងឱកាសនោះ លោកសួស យ៉ារ៉ា ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាល់ចាវ៉ាន់ (Ahmed Bin Mohammad Al-Jarwan) ប្រធានក្រុមប្រឹក្សាសកល ដើម្បីសន្តិភាព និងភាពអត់ឱន (GCTP) នៃអារ៉ាប់រួមអេមីរ៉ាត លើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋសភាកម្ពុជា ដោយផ្តោតលើការត្រៀមរៀបចំមហាសន្និបាត សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដោយកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ ដើម្បីពិនិត្យបង្កើតគោលការណ៍ នៃកិច្ចសហប្រតិបត្តិការសន្តិភាព សកល គឺមិនយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕



No comments:

Post a Comment

Pages