អ្នកសារព័ត៌មានអាស៊ាន និងទីម័រឡេស្តេបំពេញទស្សនកិច្ចនៅទីក្រុងអ៊ីស្លាម៉ាបាដ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

អ្នកសារព័ត៌មានអាស៊ាន និងទីម័រឡេស្តេបំពេញទស្សនកិច្ចនៅទីក្រុងអ៊ីស្លាម៉ាបាដ

អ្នកសារព័ត៌មានអាស៊ាន និងទីម័រឡេស្តេចំនួន ២២នាក់ បានបំពេញទស្សនកិច្ចសិក្សានៅទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថានតាមការអញ្ជើញរបស់រដ្ឋាភិបាលប៉ាគីស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៥​​ដែលនៅក្នុងនោះរួមមានទាំងអ្នកសារព័ត៌មានកម្ពុជា ២រូបមកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទូរទស្សន៍ជាតិកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានអាស៊ាន និងទីម័រឡេស្តនេះ មានគោលបំណងបង្កើនការយល់ដឹងក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សព្វផ្សាយសារព័ត៌មាន និងលើកកម្ពស់ការយល់ដឹងអំពីប្រទេសប៉ាគីស្ថានក្នុងចំណោមសមាជិកអាស៊ាន។

អ្នកសារព័ត៌មានអាស៊ាន និងទីម័រឡេស្តេ បានជួបប្រជុំពិភាក្សាជាមួយលោកស្រី រ៉ៃសា អាឌីល (Raisa Adil) អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងការបរទេសនៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយរបស់ប្រទេសប៉ាគីស្ថាន លោកឧត្តមសេន័យ៍ អាម៉េដ សារីហ្វ ជោដរី (Ahmed Sharif Chaudhry) តំណាងក្រសួងការពារជាតិប៉ាគីស្ថាន លោក មូហាំម៉ាដ សាលីម បេក (Muhammad Saleem Baig) ប្រធានអាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្សាព្វផ្សាយអេឡិចត្រូនិចប៉ាគីស្ថាន និងលោក ចាវ៉ាដ ភល (Jawad Paul) លេខាធិការសួងពាណិជ្ជកម្មប៉ាគីស្ថាន។

ក្រៅពីកិច្ចជួបពិភាក្សាទាំងនោះ អ្នកសារព័ត៌មានបានចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីការស្វែងយល់អំពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសប៉ាគីស្ថាន ការលើកកម្ពស់ឌីជីថលនីយកម្ម និងទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំក្នុងប្រទេសប៉ាគីស្ថាន និងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសប៉ាគីស្ថាន។

ដើម្បីស្វែងយល់អំពីប្រទេសប៉ាគីស្ថាន អ្នកសារព័ត៌មានអាស៊ាន និងទីម័រឡេស្តេ បានទៅទស្សនាសារមន្ទីរប្រវត្តិសាស្រ្តប៉ាគីស្ថាន និងតំបន់បេតិកភណ្ឌពិភពលោកអង្គការយូណេស្កូតាសីឡា (Taxila) របស់ប្រទេសប៉ាគីស្ថាន ព្រមទាំងសកម្មភាពផ្សេងៗទៀត៕

No comments:

Post a Comment

Pages