អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តសូមស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន មកកាន់ខេត្តតំបន់ឆ្នេររបស់យើង និងអបអរសាទខួបលើកទី៦៧ នៃទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា និងប្រទេសហ្វីលីពីន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ជាខេត្តនៅទិសនារតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច សង្គម។ ខេត្តព្រះសីហនុ មានក្រុង-ស្រុកចំនួន៥ ២៩ឃុំ-សង្កាត់ ស្មើនឹង១១១ភូមិ នៅឆ្នាំ២០២៣ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ និង GDP សម្រាប់មនុស្សម្នាក់ ៦ ៨៨៣ដុល្លាអាមេរិក ជួយកាត់បន្ថយភាពក្រីក្រ។

 ខេត្តព្រះសីហនុមានធនធានធម្មជាតិដ៏សម្បុរបែប មានកោះតូច ធំចំនួន៣២ ថ្មប៉ប្រេះទឹក១ និងថ្មដុស៥ មានឆ្នេរសុមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានធនធានធម្មជាតិលើគោក និងជីវចម្រុះបាតសមុទ្រ ដែលជាមូលដ្ឋានគ្រិះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ខេត្តព្រះសីហនុជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រនៃខេត្តទាំង៤ មានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ដែលហៅឈ្មោះតែមួយថា ឆ្នេរសមុទ្រកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានកសាង

 និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុ រង្វង់មូល និងរួបសំណាកចំនួន៤ ដោយមានការសាទរពីប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ ខេត្តព្រះសីហនុ ជាច្រកចេញចូលអន្តរជាតិយ៉ាងសំខាន់សម្រាប់បង្កើនសេដ្ឋកិច្ចជាតិ មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក។ ផ្លូវទឹក កំពង់ផែអន្តរជាតិទឹកជ្រៅបច្ចុប្បន្នមានជម្រៅទឹក

 ១៣,៥០ម៉ែត្រ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើការអភិវឌ្ឍកំពង់ផែជា៣ដំណាក់កាល ដោយដំណាក់កាលទី១ ពីឆ្នាំ២០២៤-២០២៦ មានជម្រៅទឹក១៤,៥០ម៉ែត្រ ដំណាក់កាលទី២ ឆ្នាំ២០២៥-២០២៨ មានជម្រៅទឹក១៦,៥០ម៉ែត្រ និងដំណាក់កាលពី៣ ឆ្នាំ២០២៦-២០២៩ មានជម្រៅទឹក១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលមានចំណុះ១៦ម៉ឺនតោនចូលចតបាន។ ផ្លូវអាកាស ប្រភេទ 4E មានផ្លូវរត់ប្រវែង ៣

 ៣០០ម៉ែត្រ។ ផ្លូវគោក មានផ្លូវដែក ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កំពុងដំណើការ និង ១០ផ្សេងទៀតកំពុងសិក្សា ទន្ទឹមនោះ ខេត្តព្រះសីហនុ មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់សម្រាប់អ្នកទេសចរ និងការវិនិយោគផងដែរ។

ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណគុណចំពោះរដ្ឋបាលខេត្តបានអនុញ្ញាតិឱ្យលោកជំទាវ និងសហការីបានចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ មានគោលបំណងផ្តល់សេវាកម្មសេវាកុងស៊ុលប្រទេសហ្វីលីពីនជូនដល់ប្រជាពលរដ្ឋហ្វីលីពីនដែលកំពុងបម្រើការងារនៅខេត្តព្រះសីហនុមានដូចជា គ្រូបង្រៀន វិស្វករ

 សាសនា និងការងារលើវិស័យផ្សេងៗ។ ក្នុងដំណើរទស្សនកិច្ចលើកក្រោយ យើងចង់ពិភាក្សារវាងសេនានុព័ន្ធយោធាប្រទេសហ្វីលីពីន ជាមួយនឹងមន្ទីរការងារខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជនហ្វីលីពីន គោរពច្បាប់នៅកម្ពុជា។

ទន្ទឹមនោះ លោកជំទាវក៏ចង់ដឹងពីច្បាប់ស្តីពីការជួលជនបរទេសដែលមានវិជ្ជាជីវៈមកបម្រើការងារនៅខេត្តព្រះសីហនុ ដើម្បីជាផលប្រយោជន៍រួមសម្រាប់សហគមន៍ហ្វីលីពីនកំពុងធ្វើការស្នាក់នៅក្នុងខេត្តព្រះសីហនុមានប្រមាណជា៣០០នាក់ និងស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុ សូមជួយផ្តល់ស្ថិតិប្រជាជនហ្វីលីពីនកំពុងស្នាក់នៅបម្រើការងារនៅក្នុងខេត្តព្រះសីហនុ ដើម្បីយើងមានមូលដ្ឋានក្នុងការគ្រប់គ្រងជួយដល់ពួកគាត់។

លោកជំទាវក៏បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានអន្តរាគមន៍ជួយប្រជាពលរដ្ឋហ្វីលីពីនចំនួន ៤០នាក់ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងឧក្រដ្ឋកម្មឆ្លងដែនដែលយើងបានចុះ MOU រវាងនគរបាលនៃប្រទេសទាំងពីរ ដើម្បីលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រដ្ឋកម្មឆ្លងដែន ហើយស្ថានទូតហ្វីលីពីនក៏ចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមថែរក្សាបរិស្ថានសមុទ្ររវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ AKP


No comments:

Post a Comment

Pages