ខេត្តសៀមរាបកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។សៀមរាបជាខេត្តទី១០ ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបន្ទាប់ពីមានការប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំក្នុងការលើកកម្ពស់សុខភាពអនាម័យ ។
ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទថ្លែងក្នុងពិធីនេះថា ការសម្រេចនេះគឺមានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា ខណៈបច្ចុប្បន្ននេះក្រសួងក៏បានកំពុងតែអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនៅទូទាំងប្រទេស ដែលគ្រោងថា នៅឆ្នាំ២០៣០ នឹងត្រូវសម្រេចអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន ១០០ភាគរយ។ ឯកឧត្តមបន្តថា ចំពោះខេត្តសៀមរាប តាមរយៈការសង្កេតគេពិនិត្យឃើញថា ការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅរបស់
ប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរពីការទទួលទានទឹកដែលមិនមានសុវត្ថិភាព មកជាការទទួលទានទឹកស្អាតមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកជាការបន្ទោបង់ក្នុងបង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវីល័យ បានធ្វើឱ្យកម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ ក្នុងការសម្រេចបាននូវគោលដៅជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ។
ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយដើម្បីប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើនប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។ ឯកឧត្តម ឆាយ ប្ញទ្ធីសែន បន្តថា នៅក្នុងឆ្នាំ២០២៤នេះ ក្រៅពីខេត្តសៀមរាប ក៏នៅមានខេត្តចំនួនបីបន្ថែមទៀត គឺ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តតាកែវ នឹងត្រូវប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និងខេត្តសៀមរាប។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តសៀមរាប មានការកើនឡើងជាលំដាប់អាស្រ័យដោយហេតុថាស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈល្អប្រសើរ ទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ។នៅឆ្នាំ២០២៤ បណ្តាញប្រព័ន្ធតាមទុយោមានចំនួន ៥២កន្លែង ក្នុងនោះប្រព័ន្ធបណ្តាញទឹកទុយោសហគមន៍មានចំនួន ២៥កន្លែង សរុបគ្រួសារមានទឹកស្អាតប្រើប្រាស់ស្មើនឹង ២៣៦.៤២០គ្រួសារ។ គ្រួសារប្រើប្រាស់ទឹកឆ្លងកាត់ ប្រព័ន្ធធ្វើទឹកឱ្យស្អាតមានចំនួន ៤២.៨០៤គ្រួសារ គ្រួសារប្រើប្រាស់ទឹកអណ្តូងស្នប់ និងអណ្តូងចម្រុះមានចំនួន ១៧២.៧០១គ្រួសារ គ្រួសារប្រើប្រាស់ទឹកអណ្តូងជីកមានការការពារមានចំនួន ១៧.៨១៤គ្រួសារ គ្រួសារប្រើប្រាស់ទឹកភ្លៀងមានការការពារមានចំនួន ៣.១០១គ្រួសារ ភាគរយគ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៧៩.៩០ភាគរយ។
យោងលើទិន្នន័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំពោះស្ថានភាពអនាម័យខេត្តសៀមរាប មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យស្មើ ១០០ភាគរយ,ស្ថានភាពក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាលសរុបចំនួន ១៣ក្រុង/ស្រុក គិតជាភាគរយ១០០ភាគរយ។ ទន្ទឹមគ្នានេះដែរ ក្រោយការចុះផ្ទៀងផ្ទាត់ ODF ដោយក្រុមការងារថ្នាក់ជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការដៃគូ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ ជាផ្លូវការខេត្តសៀមរាប ជាខេត្តជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕
No comments:
Post a Comment