កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងពីការខិតខំប្រឹងប្រែងក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សម្រេចបាននូវសមិទ្ធផលជាច្រើន រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តទាំងទីប្រជុំជនក្រុង និងជនបទត្រូវបានតភ្ជាប់ជាបន្តបន្ទាប់ ការលើកកម្ពស់សោភ័ណ្ឌភាព និងអនាម័យ បរិស្ថាន ការផ្តល់សេវាសាធារណៈ និងសេវាតម្រូវការកាន់តែប្រសើរឡើង ការអនុវត្តគោលនយោបាយគាំពារ សង្គមដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម និងស្ថិរភាពនយោបាយល្អនៅក្នុងខេត្ត ដែលជាឱកាសបង្កលក្ខណៈល្អដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ព្រមទាំងការធានាបាននូវដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេល កន្លងទៅប្រកបដោយបរិយាកាសនយោបាយល្អប្រសើរ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។

ជាមួយគ្នានេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានខិតខំអនុវត្តប្រកបដោយស្មារតី យកចិត្តទុកដាក់ខ្ពស់ ក្នុងការងារគាំទ្រលើកកម្ពស់ការដឹកនាំ តម្រង់ទិសដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការ អនុវត្តគោលនយោបាយ វិធានការណ៍ គោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ព្រម ទាំងបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតាមរយៈការចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ការចូលរួមព្រឹត្តិការណ៍នានានៅមូលដ្ឋាន ដើម្បីទទួលយកនូវសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ សំដៅរកដំណោះស្រាយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ស្របតាមក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមការងារដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សម្រេចបាននូវសមទ្ធិផលការងារជាច្រើនលើគ្រប់វិស័យ។ ឯកឧត្តមផ្តល់អនុសាសន៍៨ចំណុចដល់ក្រុមការងារសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ឆ្នាំ២០២៤រួមមាន៖

១- ក្រុមការងារបន្តចុះមូលដ្ឋានធ្វើវេទិការសាធារណៈ និងជួបផ្ទាល់ជាមួយប្រជា ពលរដ្ឋ ដើម្បីក្តាប់បានពីសភាពការទូទៅ សំណូមពរ និងសំណើនានារបស់ប្រជាពលរដ្ឋ ដោយធ្វើការឆ្លើយតបទៅវិញឱ្យបានទាន់ពេលវេលា។

២-ត្រូវបន្តដឹកនាំកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ(ផ្លូវទៅកាន់ស្រុកតាវែង) ស្ពាន ទឹក ភ្លើង ដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។

៣- ពង្រឹងការអនុវត្ត គោលនយោបាយ ឃុំ-សង្កាតមានសុវត្ថិភាព ជាពិសេស ប្រឆាំងការជួញដូរគ្រឿងញៀន ក្មេងទំនើង បទល្មើសនានាក្នុងមូលដ្ឋាន។

៤-ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ផ្សេងក្រៅប្រព័ន្ធតុលាការ ជាពិសេស ទំនាស់ដីធ្លី។

៥-ត្រូវយកចិត្តទុកដាក់ ការពារសម្បត្តិធនធានធម្មជាតិនានា ចាត់វិធានការ បង្ការ និងទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈលើ ដើម្បីយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន និងការពារឱ្យបានល្អនូវបរិស្ថានក្នុងខេត្ត។

៦-ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យសំខាន់ៗនៅក្នុងខេត្តឱ្យមានការរីកចម្រើន ជាង ជាពិសេសវិស័យកសិកម្ម ដោយត្រូវជួយរកទីផ្សារជូនកសិករ។

៧-ត្រូវធ្វើការគ្រប់គ្រង និងប្រើប្រាស់មន្ត្រី ក្នុងខេត្តឱ្យបានត្រឹមត្រូវ និងមាន ប្រសិទ្ធិភាព ដោយយកចិត្តទុកដាក់ ពិនិត្យឱ្យបានម៉ត់ចត់ក្នុងការតែងតាំងមន្ត្រីដែល មានសមត្ថភាព និងមន្ត្រីដែលសកម្មនឹងការងារ។ ដោយអនុវត្ត នូវអភិក្រមទាំង៥៖១.ឆ្លុះកញ្ចក់២.ងូតទឹក

៣.ដុសក្អែល៤.ព្យាបាល និង ៥.វះកាត់ ។

៨-ពង្រឹងរបៀបរបបការងារ របស់ក្រុមការងារគ្រប់ថ្នាក់ ត្រូវបង្កើតឱ្យមានក្រុម លេខាធិការដ្ឋានធ្វើជាជំនួយការ និងត្រូវអនុវត្តរបបប្រជុំឱ្យបានទៀតទាត់ ប្រចាំខែ ត្រី មាស ឆមាស និងឆ្នាំ៕

ដោយ មន្ទីរព័ត៌មានខេត្តរតនគិរី

No comments:

Post a Comment

Pages