នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជួបពិភាក្សាការងារជាមួយឯកឧត្តម Jean-Pierre Lacroix - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជួបពិភាក្សាការងារជាមួយឯកឧត្តម Jean-Pierre Lacroix


កាលព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបា​ន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រៀលជ្រៅ ចំពោះដំណើរអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ ឯកឧត្តម Jean-Pierre Lacroix ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០០៦ កម្ពុជា​ ចាប់ផ្តើមបោះជំហានទៅមុខ ដោយ​ការ​បញ្ជូន​កង​កម្លាំង​ទៅកាន់សាធារណរដ្ឋស៊ូដង់​លើក​ដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អសប កម្ពុជា​ បានបញ្ជូនកងកម្លាំងសរុប ៩៥៧៩នាក់ ក្នុងនោះ នារី ៨១៨នាក់ ទៅកាន់​ប្រទេស​ចំនួន​១០ និង១២បេសកកម្ម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា បច្ចុប្បន្ន កម្ពុជា កំពុង​មាន​ភាព​លេច​ធ្លោ​ក្នុង​ការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ ទន្ទឹមនោះ អាត្រាក្នុងការបញ្ជូន​កងកម្លាំង​ជា​នារី​របស់​កម្ពុជា​ទៅតំបន់បេសកកម្ម មានប្រមាណ ១៧.២ភាគរយ​ ដោយ ឯកឧត្តម នាយឧត្តម​សេនីយ៍ ​ក៏បានប្តេជ្ញាបន្តបង្កើនចំនួនយោធិននារីបន្ថែមផងដែរ។

ឯកឧត្តម Jean-Pierre Lacroix បានថ្លែងអំណរគុណចំពោះការទទួល​ស្វាគមន៍​យ៉ាង​រាក់ទា​ក់​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងក្រុមការងារ។ នេះមិនមែន​ជា​លើកទី១​ឡើយ ដែលឯកឧត្តមអគ្គលេខាធិការរងអង្គការសហប្រជាជាតិ មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ហើយបន្ទាប់ពីជំនួបនីមួយៗ តែងតែ​ទទួល​បាន​ផ្លែ​ផ្កា​ល្អ ក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា។ ឯកឧត្តម បានថ្លែងអំ​ណរ​គុណ​ជា​ថ្មី​ម្តងទៀត ចំពោះកម្ពុជា ដែលបានបរិច្ចាគកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អសប ជាពិសេស ក៏បានឃើញពីការចូលរួម មិនត្រឹមតែពីសំណាក់បុរសទេ គឺពីសំណាក់​យោធិន​នារី ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសមួយចំនួនផងដែរ។ ឯកឧត្តម Jean-Pierre Lacroix បានបន្ថែមថា ការចូលរួមរបស់កងកម្លាំងមួកខៀវកម្ពុជានៅតំបន់ខ្លះ គឺ​មិន​ងាយស្រួលនោះទេ ហើយតំបន់ខ្លះក៏ប្រឈមនឹងការលំបាកផងដែរ។

 ឯកឧត្តម Jean-Pierre Lacroix ក៏បានធ្វើការកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជា ដែល​បានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជា​ប្រទេស​ដែល​បញ្ជូន​កម្លាំង​ចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយ​បាន​ចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និង​កម្ទេច​គ្រាប់មិនទាន់ផ្ទុះ៕






No comments:

Post a Comment

Pages