(ឧត្ដរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងលោកស្រី ប្រាក់ សុជាតា ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមួយចំនួន ដល់មន្ត្រីអាវុធហត្ថសោធននិវត្តន៍ ព្រមទាំងគ្រួសារអាវុធហត្ថពលី មរណៈ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ចំនួន ៣៥នាក់។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានថ្លែងពាំនាំនូវការផ្តំផ្ញើសាកសួរសុខទុក្ខ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ញើជូនមន្ត្រីអាវុធហត្ថសោធននិវត្តន៍ ក៏ដូចជាគ្រួសារអាវុធហត្ថ ពលីនិងមរណៈ ដែលមានវត្តមានក្នុងពិធីនេះ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានថ្លែងប្រាប់មន្ត្រីអាវុធហត្ថទាំងអស់ ពីការយកចិត្តទុកដាក់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះមន្ត្រី និងពលអាវុធហត្ថគ្រប់រូប ក៏ដូចជាអង្គភាពអាវុធហត្ថនៅទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ដែលបានធ្វើឱ្យកម្លាំងអាវុធហត្ថ និងក្រុមគ្រួសារទាំងអស់មានភាពកក់ក្តៅ។
ក្នុងនាមនាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានថ្លែងនូវការកោតសរសើរដល់មន្ត្រីអាវុធហត្ថដែលសោធននិវត្តន៍ទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានយ៉ាងល្អប្រសើរ ស្របតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល។
លោកក៏បានណែនាំដល់មន្ត្រីអាវុធដែលសោធននិវត្តន៍ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់។
អំណោយដែលនាំមកចែកជូននាពេលនេះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូ ទឹកបរិសុទ្ធ ២កេស ទឹកដោះគោ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូ ១ដប និងថវិកា ១០០,០០០រៀល សរុបជាថវិកាទាំងអស់ចំនួន ៧,៣១៩,០០០រៀល៕
No comments:
Post a Comment