ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរក​ការតស៊ូរំដោះជាតិ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរក​ការតស៊ូរំដោះជាតិ


(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេច​តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជា​ដើម​ទុន​ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជា​ជន​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។

ថ្ងៃជាប្រវត្តិសាស្ត្រនៃការរំដោះប្រជាជាតិកម្ពុជាចេញពីឋាននរកនៃរបបខ្មែរក្រហមនេះ ដូច​ទៅនឹងរាល់ឆ្នាំដែរ គឺមានការៀបចំពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូនោះនៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ។ ពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូរំដោះជាតិរបស់សម្តេចតេជោ និងយុទ្ធ​មិត្តកាលពី៤៧ឆ្នាំមុននោះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីនេះដែលធ្វើឡើងនៅជាប់ព្រំដែនប្រទេសវៀតណាមនេះ ក៏មានការអញ្ជើញចូលរួមពី​មន្ត្រីជាន់ខ្ពស់ប្រទេសវៀតណាម មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ អ្នកប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងយុវជនផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺមានរយៈពេល៤៧ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យទើប ២៥ឆ្នាំ រួមនឹង​យុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏សែនលំបាកបំផុត​លាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំង​គ្រោះ​ថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្ររំដោះជាតិ និង​ប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេច​តេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់​ចំណុច​ក្នុងដំណាក់កាលតស៊ូ ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុច​ដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរ​ទឹក​ភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។

ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសមមិត្ត ហ៊ុន សែន បាន​បែរ​មុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូន​ក្នុង​ផ្ទៃ​៥ខែដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា? ជាពិសេស​នឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពី​ឪពុក​ម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះដើម្បីការសិក្សា។ លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាតឆ្ងាយ​ពីទឹក​ដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។

ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី ៤៧ឆ្នាំ​មុន​នោះហើយ ជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឱ្យទទួលបាន​ពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន។

មានសំណួរជាច្រើនបានចោទសួរថា បើគ្មានការលះបង់ទាំងអស់នោះទេ តើជាតិ និង​ប្រជា​ជនកម្ពុជា នឹងត្រូវទៅជាយ៉ាងណា ហើយអាចនឹងទទួលបានការរស់រៀន មានសិទ្ធិ​សេរី ដូចពេលបច្ចុប្បន្នដែរឬទេ បើលើពិភពលោកនាពេលនោះទាំងអង្គការ​សហប្រជា​ជាតិ និងអាមេរិកផងបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយមើល​មិន​ឃើញពីទង្វើសម្លាប់រង្គាលដ៏ព្រៃផ្សៃរបស់ពួកគេ?

ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរបានមើលឃើញ ប្រសិនបើគ្មានការចាប់ផ្តើមចេញតស៊ូ​របស់​សម្តេច​តេជោ ហ៊ុន សែន និងឥស្សរជនខ្មែរស្នេហាជាតិ នាំគ្នាងើបប៉ះបោររំដោះ​ជាតិឡើង​ទេនោះ ជាតិ និងប្រជាជនកម្ពុជា គ្មានឱកាសរួចផុតពីរបបដ៏ប្រល័យរបស់ ប៉ុល ពត នោះឡើយ។

ជាមួយនឹងខួប ៤៧ឆ្នាំនៃដំណើរឆ្ពោះទៅរកការរំដោះជាតិនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិសង្ខេប នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ជូនមិត្តអ្នកអានបានជ្រាបដូចខាងក្រោម៖

ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរង់ចាំនូវចលនា​ដឹកនាំ​ខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ បើគ្មាន​ក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដចលនាតស៊ូនានា នឹងត្រូវពួក​ប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី។

ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលា​ម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស.២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤នាក់ គឺ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន ចាប់ផ្តើមដំណើរភៀសខ្លួន​ទៅ​វៀត​ណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជ​សាសន៍ ប៉ុល ពត។

ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ត្រពាំងរកា ត្រពាំង​ខ្ព័រ និងអាងដាច់ ដែលមានដើមទ្រយឹងធំស្គឹមស្គៃនៅក្បែរនោះ។ នៅទល់មុខ គឺជា​ស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។ មុនពេលឈានជើងចូល​ក្នុងទឹកដីវៀត​ណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជាដោយបង្ហូរទឹកភ្នែកក្តុ​កក្តួល​ឥត​ឧបមា ហើយនិយាយក្នុងចិត្តថា «អាយុ ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់​សាលា​រៀន អាយុ២៥ឆ្នាំ បែកពីមាតុភូមិ ដោយសារពួកឃាតក»។

វេលាម៉ោង ០២៖០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នា ក៏​បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួល​ទាន​ឡើយ។

សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅ​ពេល​ឆ្លងព្រំដែន​កម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែន​របស់​វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារ ការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាម ជឿ ហើយសុខចិត្តជួយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយ កម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺវៀតណាមអាចចាប់បញ្ជូនមកឱ្យ ប៉ុល ពត វិញឬទេ? ការចាកចេញ​នេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា​ដែល​មានផ្ទៃពោះ ៥ខែ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិត​ដល់ផលវិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។

នោះជាពេលដែលសម​មិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូ​ផ្តួល​រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួម ក្នុងកងកម្លាំងប្រដាប់​អាវុធ នៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ដោយនៅ​មានភ្លៀង​តិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសឱ្យចំ ដោយពុំមានត្រីវិស័យ ដូចនេះ​ត្រូវ​រង់ចាំរហូតដល់ថ្ងៃរះភ្លឺច្បាស់ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨៖០០នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុម បានសម្លឹងមើលទៅទិសដែលព្រះអាទិត្យរះ នោះគឺទិស​ខាង​កើត ជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់វៀតណាម។

ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត ៦គីឡូម៉ែត្រ វេលាម៉ោង​១១៖០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានប្រទះឃើញផ្លូវលំមួយ ក្រាល​គ្រួស​ក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុង​ដៃបន្តិច​បន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ទៅរកជួបកងទ័ព និងប្រជាជនវៀតណាម។

ហេតុអ្វីបានជាក្រុមសមមិត្ត សម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួនដូច្នេះ? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះឲ្យតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកង​ទ័ព​ការពារវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាច​ធានា​បានឡើយ។

វេលាម៉ោង ១៤៖០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងក្រុម បានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ដែលកំពុងធ្វើដំណើរសមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះ ក៏បានឱ្យក្រុមសមមិត្តរង់ចាំនៅទៅនោះសិន។ បន្ទាប់​មកកម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយ​ផង​ដែរ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះថា ជាក្រុមវាយឆ្មក់ ឬ​ក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។

ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមេនជាក្រុម​វាយ​ឆ្មក់​របស់ ប៉ុល ពត ទេភាគីវៀតណាមក៏បានដាំបាយឆ្នាំលេខ១០ និងធ្វើម្ហូបជូន​សម្រាប់​មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាងមួយឆ្នាំហើយ។ វេលាម៉ោង ១៦៖០០​នាទី ខែមិថុនា ឆ្នាំ១៩៧៧ ក្រោយពីទទួលទានអាហាររួច ជនកម្ពុជាទាំង៥នាក់ ត្រូវបាន​គេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦៖៤៥នាទី។

ជនកម្ពុជាទាំង៥នាក់ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការ​កង​អនុសេនាធំម្នាក់របស់វៀតណាម។ វេលាម៉ោង ១៧៖១៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ​១៩៧៧ អ្នកទាំង៥នាក់ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង១៨៖០០នាទី។

ក្រោយពីបរិភោគអាហារពេលល្ងាច ដែលមានបាយ និងបន្លែត្រកួន ហើយសមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមកជាមួយគ្នា ហើយត្រូវបានគេ​សួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។ នោះគឺជា​ពេល​វេលា ដែល​តានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤នាក់ ដែលធ្វើដំណើរមក​ជាមួយ ដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ។ ពួកគាត់ទាំង៤នាក់ មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។

ដោយសារការសួរនាំដេញដោលអំពីព័ត៌មាននានតាមលំដាប់ថ្នាក់ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំង៤រូប បាន​ចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអូស។ វៀតណាមកាន់តែទទួល​ស្គាល់​ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំ ហើយមិនមែន​ជាក្រុម​ដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។

ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់​នៃរបត់​ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើម​ដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត...៕

No comments:

Post a Comment

Pages