សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាព ចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នា ក្នុងជំនាន់សង្គ្រាម មករស់នៅក្នុងភូមិជាមួយគ្នា - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាព ចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នា ក្នុងជំនាន់សង្គ្រាម មករស់នៅក្នុងភូមិជាមួយគ្នា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញមោទនភាពចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នា ក្នុងជំនាន់សង្គ្រាម ហើយពេលនេះ អាចមករស់នៅក្នុងភូមិជាមួយគ្នា ផ្ទះក្បែរគ្នា។

ការបង្ហាញមោទនភាពបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមោទនភាព មិនត្រឹមតែរៀបចំផ្ទះ ដើម្បីជួយនោះទេ ប៉ុន្តែបង្កើតភូមិមួយ ភូមិសន្តិភាព ដែលអតីតខ្មែរយើង ដែលធ្លាប់កាប់ចាក់គ្នា មកអង្គុយជាមួយគ្នា ជាអ្នកផ្ទះភូមិផងជាមួយគ្នា បង្កើតភូមិថ្មី នេះជាមោទនភាពជាតិ របស់យើង»។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណចំពោះក្រុមការងារ ជាពិសេសលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការនេះ ត្រូវបន្តធ្វើ ហើយរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយច្រើនណាស់ ការគិតគូរពី ប.ស.ស សម្រាប់អតីតយុទ្ធជន ហើយគ្រួសារអតីតយុទ្ធជនខ្លះ ក៏មានប័ណ្ណក្រីក្រមួយចំនួន ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូរក្របខ័ណ្ឌចំនួនទៀត ដើម្បីគិតគូរបន្ថែម។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន, អតីតមន្ត្រីរាជការ នៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្ដបន្ទាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល ទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍ផងដែរ៕


No comments:

Post a Comment

Pages