ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសស និងជាតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីប្រកាសឱ្យចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តទើបជាប់អាណត្តិទី៤, អភិបាលរងខេត្ត, ប្រធានមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ទៀត។
ឯកឧត្តម ងួន រតនៈ បានឡើងរាយការណ៍ជូនអង្គពិធីអំពីការខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើនរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការ អភិវឌ្ឍរីកចម្រើន គួរជាទីមោទនៈ ដែលរួមមាន៖ ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ, ការអភិវឌ្ឍមូលដ្ឋាន, ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ជំងឺឆ្លងរាតត្បាតកូវីដ១៩, ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ជូនថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោត ទាំងសកល និងអសកលយ៉ាងទៀងទាត់ សរុបចំនួន២០ដងរួចមកហើយ (ក្នុងនោះ បោះឆ្នោតសកល ១១ដង និងអសកល ០៩ដង) ដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្សនយោបាយទាំងអស់ផងដែរ ដែលធានាបាននូវសិ្ថរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើន។
ដើម្បីឆ្លើយតប់ទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ឯកឧត្តម ថោង ខុន បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដើម្បីឱ្យក្រុមប្រឹក្សាខេត្ដកំពង់ធំ អនុវត្តនូវកិច្ចការសំខាន់ៗ, កិច្ចការបន្ទាន់ចាំបាច់ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំ៖
*ទី១៖ ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ត្រូវពិគ្រោះ បែងចែកភារកិច្ចគ្នា ចុះធ្វើពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុង ស្រុកទាំង ០៩ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។
*ទី២៖ ក្រុមប្រឹក្សាខេត្តធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពិធីចូលកាន់តំណែង។
*ទី៣៖ ក្រុមប្រឹក្សាខេត្តត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន មិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។
*ទី៤៖ សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។
*កិច្ចការជាអាទិភាពបន្ដសម្រាប់ក្រុមប្រឹក្សា អាណត្តិទី៤៖
*ទី១៖ ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
*ទី២៖ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងប្រើប្រាស់ធនធាននានាដែលបានផ្ទេរ ពិសេសមុខងារវិស័យសុខាភិបាលនៅថ្នាក់ខេត្ត មុខងារអប់រំនៅថ្នាក់ក្រុង ស្រុក និងមុខងារផ្តល់សេវារដ្ឋបាល ដើម្បីធានាផ្តល់សេវាទាំងនោះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន។
*ទី៣៖ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ចាំបាច់ត្រូវបន្តលើកកម្ពស់ការផ្តល់សេវារដ្ឋបាលឱ្យកាន់តែឆាប់រហ័ស តម្លាភាព និងងាយស្រួល ស្របតាមគោលការណ៍ ស្តង់ដារ បែបបទ និងនីតិវិធីដែលបានកំណត់។ ទន្ទឹមនេះ ត្រូវបន្ត ពិនិត្យ និងក្តាប់នូវបញ្ហាប្រឈម សំណើ សំណូមពរនានា របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតបឱ្យបានចំគោលដៅ និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។
*ទី៤៖ ក្រុមប្រឹក្សាមានភារកិច្ចតាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីជំរុញក្នុងការធានាអោយមានសន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់ល្អ។
*ទី៥៖ រដ្ឋបាលខេត្តកំពង់ធំ ត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ លើកឡើងនូវបញ្ហាប្រឈមនានា សំដៅរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ព្រមទាំងជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់អំពីកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» កម្មវិធីនយោបាយគាំពារសង្គម ក៏ដូចការ វិវត្ដន៍ថ្មីៗនៃសភាពការណ៍របស់ប្រទេសជាតិ និងសកល៕
No comments:
Post a Comment