អគ្គលេខាធិការអាស៊ាន បន្តចូលរួមវេទិកាចេជូសម្រាប់សន្តិភាព និងវិបុលភាពលើកទី១៩ ជួបអភិបាលខេត្តចេជូ និងមានសកម្មភាពមួយចំនួនទៀ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

អគ្គលេខាធិការអាស៊ាន បន្តចូលរួមវេទិកាចេជូសម្រាប់សន្តិភាព និងវិបុលភាពលើកទី១៩ ជួបអភិបាលខេត្តចេជូ និងមានសកម្មភាពមួយចំនួនទៀ



(កូរ៉េ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាមួយវាគ្មិនកិត្តិយសផ្សេងទៀត នៅក្នុងសម័យប្រជុំមេដឹកនាំពិភពលោក៖ ធ្វើសកម្មភាពរួមគ្នាសម្រាប់អនាគតកាន់តែប្រសើរ នៅក្នុងវេទិកាសន្តិភាពចេជូ នៅទីក្រុងចេជូ សាធារណរដ្ឋកូរ៉េ ។

នៅក្នុងសម័យប្រជុំនេះលោកអគ្គលេខាធិការអាស៊ាន បានពិភាក្សាអំពីការប្រឈមសំខាន់ៗចំពោះសន្តិភាព និងវិបុលភាព ព្រមទាំងតួនាទីរបស់អាស៊ានក្នុងការដោះស្រាយការប្រឈមទាំងនោះ រួមទាំងតាមរយៈការធ្វើទំនាក់ទំនងជាមួយដៃគូខាងក្រៅ។លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ពីការប្រឈមនានា មកពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ក្នុងចំណោមប្រទេសមហាអំណាចធំៗ ព្រមទាំងការបម្រែបម្រួលអាកាសធាតុដែលបានជះឥទ្ធិពលដល់អាស៊ាន និងប្រជាជនអាស៊ាន។

នៅព្រឹកថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាសន្តិភាពចេជូ និងបានពិភាក្សាអំពីភាពចាំបាច់រវាងពហុភាគីនិយម និងតំបន់និយម ជាពិសេសនៅក្នុងបរិបទនៃការវិវត្តន៍ជាសកលពេលបច្ចុប្បន្ន ដែលហាក់ដូចជា ធ្វើឱ្យពហុភាគីនិយមចុះខ្សោយ។ លោកបណ្ឌិតបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសកម្មភាពរួម ក្នុងការដោះស្រាយការប្រឈមក្នុងតំបន់ និងសកលលោក។

នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Oh Young-hun អភិបាលខេត្តស្វ័យតចេជូ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីជោគជ័យនៃការរៀបចំវេទិកាចេជូ ព្រមទាំងការចូលរួមចំណែករបស់វេទិកានេះ ក្នុងនាមជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយការប្រឈមតំបន់ និងពិភពលោក។

លោកបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យខេត្តចេជូ ពង្រឹងកិច្ចសហការជាមួយបណ្តាខេត្ត និងទីក្រុងផ្សេងៗទៀតក្នុងប្រទេសសមាជិកអាស៊ាន ដើម្បីជំរុញទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

នៅរសៀលដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានទៅទស្សនានៅសាលអាស៊ានប្រចាំកោះចេជូ (The Jeju ASEAN Hall) ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិចេជូ។  សាលនេះដែលត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២២ គឺកន្លែងតាំងពិព័រណ៌សិប្បកម្ម និងវត្ថុបុរាណ ពីប្រទេសសមាជិកអាស៊ាន និងតំបន់ចេជូ។ សាលនេះដែរគឺជាកន្លែងដាក់បង្ហាញនូវវប្បធម៌របស់អាស៊ាន និងកោះចេជូ ក្នុងគោលដៅលើកកម្ពស់ការយល់គ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានោះនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងចេជូ សាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិធីជប់លៀងរៀបចំដោយលោក Cho Tae-yul រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ដើម្បីស្វាគមន៍គណៈប្រតិភូទាំងអស់ដែលបានមកចូលរួមក្នុងវេទិកាចេជូសម្រាប់សន្តិភាព និងវិបុលភាពលើកទី ១៩ ។

នាឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់ដែលមានទេវិកាបែបនេះ ដើម្បីឆ្លុះបញ្ចាំងពីបញ្ហានានា រួមទាំងបញ្ហានាពេលអនាគតដែលត្រូវដោះស្រាយ។ លោកក៏បានគូសបញ្ជាក់ពីតម្លៃនៃវេទិកាចេជូ ដែលជាវេទិកាដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះការប្រឈមនានាដែលតំបន់កំពុងជួបប្រទះ ក៏ដូចជា ដើម្បីចាប់ផ្តើមកិច្ចសន្ទនាលើបញ្ហាបន្ទាន់ៗផ្សេងទៀត៕





No comments:

Post a Comment

Pages