ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដែលបណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិកនេះ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្រសួងសុខាភិបាល ក៏បានធ្វើការក្រើនរំលឹកដល់សាធារណជន ជាពិសេស យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ព្រោះបារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀត ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្ម បង្កើតជាកម្តៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារីអេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា៖

* នីកូទីន (Nicotine)

* ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត

* សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ

* បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត

* សារធាតុគីមី ដែលអាចបណ្ដាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde

*ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។

ក្រសួងបានបញ្ជាក់ទៀតថា បារីអេឡិចត្រូនិក បង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្ដាលឱ្យ ញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្រ្តីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេង ទៀត។ យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត(Mood)។ លើសពីនោះ ការប្រើប្រាស់នីកូទីន អាចបណ្តាលឱ្យសម្ដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

ក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) នៅកម្ពុជា ដោយសេចក្តីណែនាំលេខ ០០១/១៤ ស.ណ.ន អ.ជ.ប.គ.ញ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយហេតុថាផលិតផលនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្ដាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។

ទន្ទឹមនឹងនេះដែរ ក៏មានជនឆ្លៀតឱកាសបានធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកក្រោមខ្លឹមសារបំផ្លើសថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា។ ក្រសួង

សុខាភិបាលបានបញ្ជាក់ថា «បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជាផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារទៅវិញ»។

ដូច្នេះក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្ម និងនាំចូលផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក និងបានស្នើដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមចាត់វិធានការតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការអប់រំណែនាំ និងទប់ស្កាត់ការប្រើប្រាស់ការជួញដូរ និងចែកចាយបារីអេឡិចត្រូនិក ក្នុងតំបន់គ្របដណ្តប់របស់ខ្លួន៕

No comments:

Post a Comment

Pages