ខេត្តក្រចេះ ៖ ក្រុមអ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិ បានសង្កេតឃើញថាចាប់ពីចុងខែមិនា ឆ្នាំ ២០២៤មក បទល្មើសធនធានធម្មជាតិ ធ្យូងខុសច្បាប់ឆ្លងដែនបានកក្រើកឡើងវិញ ដោយក្រុមឈ្មួញបានសម្រុកដឹកទាំងថ្ងៃទាំងយប់ឆ្លងដែនចេញទៅលក់នៅទឹកដីប្រទេសវៀតណាម តាមប្រភេទរថយន្តខ្នាតយក្ស(រថយន្តV1)យ៉ាងអនាធិបតេយ្យ ដែលសកម្មភាពល្មើសច្បាប់នេះ ទំនងមានការរៀបចំចាត់ចែងពីមន្ត្រីនគរបាលច្រកទ្វារព្រំដែន ដើម្បីរកប្រយោជន៍ក្រៅច្បាប់ចែកគ្នាដាក់ហោប៉ៅ ដោយគ្មានរអែងច្បាប់របស់ប្រមុខរាជ្យរដ្ឋាភិបាលកម្ពុជាឡើយ។
ជាកស្តែងជារៀងរាល់ថ្ងៃ មិនថាយប់ ឬថ្ងៃ មានរថយន្តចំនួន២ទៅ៣គ្រឿងខ្នាតយក្សម៉ាកV1បានសម្រុកដឹកធ្យូងខុសច្បាប់យ៉ាងកំហុកចេញពីច្រើនចំនុចដូចជា ចំនុចចាក់ចា អូរបោះរបងស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី និងចេញពីឃុំកន្ទួត ១០៥ ស្រុកចិត្របុរី ឬជើងភ្នំឆ្វេរ ត្រពាំងជ័យ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនតាមច្រករបៀងដេ៣ និងច្រកទ្វារទ្វេភាគីជាយឃ្លាំង យកទៅលក់ក្នុងទឹកដីប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ។
អ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិឲ្យដឹងថា រថយន្តខ្នាតធំដឹកធ្យូងខុសច្បាប់ទាំងអស់នេះបានរត់កាត់មុខស្នាក់ការមេព្រៃថ្មពុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល អធិការដ្ឋានគរបាលស្រុកស្នួល និងផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល ឆ្លងដែនទៅលក់នៅឯប្រទេសយួន ចេញតាមប៉ុស្តិ៍ការពារព្រំដែន ចំនួន(២) ទី ១ ប៉ុស្តិ៍ការពារព្រំដែនជាយឃ្លាំង (ច្រកទ្វេភាគីជាយឃ្លាំង )ស្ថិតនៅភូមិជាយឃ្លាំង ឃុំក្រញូងសែនជ័យ ស្រុកស្នួលគ្រប់គ្រងដោយលោក អៀម សុខលីម។ ទី ២ ចេញតាមប៉ុស្តិ៍ការពារព្រំដែនដេបី (D3) ច្រករបៀង(D3) ស្ថិតនៅភូមិត្រពាំងស្បែកថ្មី ឃុំ២ធ្នូ ស្រុកស្នួល គ្រប់គ្រងដោយលោកម៉ម ប៊ុនបញ្ញា។
ប្រភពបានបន្តទៀតថា មេឈ្មួញស្រីដ៍ចាស់វស្សាឈ្មោះចែធីៗ (រហស្សនាមជំទាវនីជំទាវនី) ធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសធ្យូងឆ្លងដែនបានយ៉ាងរលួនដោយសារមានលោក ម៉ម ប៊ុនបញ្ញា នៅពីក្រោយខ្នងចាំសម្របសម្រួល។ជាក់ស្តែងលោក ម៉ម ប៊ុនបញ្ញា បានឲ្យមនុស្សជាច្រើនក្រុម មានស្លៀកពាក់ស៊ីវិល និងឯកសណ្ឋាន មានចរឹតដូចជនពាល មានទាំងម៉ូតូ និងរថយន្ត ចាំគំរាម និងរារាំងអ្នកសារព័ត៌មានណាដែលតាមថតផ្ដិតយករូបភាពបទល្មើសដឹកធ្យូងឆ្លងដែនខុសច្បាប់។ ប៉ុន្តែទោះជាយ៉ាងណា (ដំរីងាប់យកចង្អេរបាំងមិនបាន) លោក ម៉ម ប៊ុនបញ្ញា មិនអាចយកដៃបាំងមេឃបានឡើយ ព្រោះរូបភាពបទល្មើសត្រូវបានក្រុមអ្នកកាសែតបង្ហោះព្រោងព្រាតតាមបណ្តាញសង្គម នូវឡើយតែចំណាត់ការច្បាប់ពិតៗពីលោក អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះជាមេកើយ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលមានឈ្មោះល្បីថាជាអភិបាលខេត្តមួយរូប មិនសូវរវីរវល់និងការបង្ក្រាបបទល្មើស ក្នុងដែនគ្រប់គ្រប់គ្រងរបស់ខ្លួន។
ម៉្យាងទៀត នៅក្នុងទឹកដីខេត្តក្រចេះ មានមន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស ដែលជាសមាជិកគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាច្រើននាក់ទទួលភារកិច្ចឲ្យចាំបង្ក្រាបបទល្មើស ប៉ុន្តែពេលអ្នកកាសែតរាយការណ៍ និងបញ្ជូនរូបភាពបទល្មើសជាក់ស្តែងតាមតេលក្រាមដើម្បីសុំកិច្ចសហការបង្ក្រាប បានត្រឹមចូលមើល មិនធ្វើការឆ្លើយតប ដែលធ្វើឲ្យមានការមន្ទិលសង្ស័យថា បានថ្នាក់លើឲ្យទៅចាំបង្ក្រាបបទល្មើស ដូចបានទទួលលាភធំ ឬមួយបានទទួលប្រយោជន៍កខ្វក់ពីក្រុមជនរកសុីទុច្ចរឹតល្មើសច្បាប់ឆ្លងដែនក៏ថាបាន។
ពាក់ព័ន្ធនឹងបទល្មើសធ្យូងខុសច្បាប់ឆ្លងដែនទ្រង់ទ្រាយធំក្នុងទឹកដីស្រុកស្នួលនេះ មហាជនរង់ចាំមើលថា តើលោក អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ពិតជាអសមត្ថភាពឬយ៉ាងណា? ក្នុងការអនុវត្តច្បាប់លើមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលបានឃុបឃិតជាមួយក្រុមឈ្មួញទុច្ចរឹត បង្កឲ្យមានបទល្មើសធ្យូងឆ្លងដែន ដែលកំពុងបំផ្លិចបំផ្លាញព្រៃឈើខ្មែរយ៉ាងវិនាសអន្តរាយ...៕
No comments:
Post a Comment