(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈ ចំនួន៤ រួមមានទី១៖ ការពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ ទី២៖ ការពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ទី៣-ការពិនិត្យ និងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងសមាគម និងទី៤៖ការពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគម និងបានផ្ដល់ឱកាសជូនតំណាងសមាគមមកពីរាជធានី-ខេត្ត ឡើងធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងប្រធានបទ រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។
ដោយផ្អែកលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣៖ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សមាគមបានកសាងកម្លាំងជាសមាជិកបានចំនួន៥ ០៨៤រូប អង្គភាពសារព័ត៌មានចំនួន៧៤អង្គភាព អង្គការសមាគមចំនួន២៣ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សាចំនួន ២៤ស្ថាប័ន ចូលរួមធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ក្រោមការឧបត្ថម្ភរបស់ លោកអភិសន្តិបណ្ឌិត និងលោកស្រី ចំនួន៤២៧លើក បើកវគ្គបណ្តុះបណ្តាលខ្លីចំនួន២វគ្គ ដោយមានសិក្ខាកាមចូលរួមចំនួន៩៥០អង្គ/នាក់ ផ្តល់អាហារូបករណ៍ដល់សមាជិក សមាជិកា តាមរយៈគ្រឹះស្ថានសិក្សាដៃគូចំនួន៩៥នាក់ បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងចំនួន៦វគ្គ ដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
នៅខេត្តព្រៃវែង ស្វាយរៀង និងខេត្តបន្ទាយមានជ័យ ចូលរួមប្រជុំនិងផ្តល់យោបល់ផ្នែកអង្គការសង្គមស៊ីវិលជាមួយ គ.ជ.ប. ចំនួន១៣លើក ចេញផ្សាយព័ត៌មានអំពីសកម្មភាព និងសមិទ្ធផលនានារាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយនិងជំរុញការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន៥២ ៦៧៥ព័ត៌មាន ចេញផ្សាយព័ត៌មានអំពី ឯកឧត្តមអភិសន្តិបណ្ឌិត និងក្រសួងមហាផ្ទៃ ចំនួន២ ៦៧៩ព័ត៌មាន ផលិតវីដេអូ និងរឿងអប់រំខ្លីស្តីពីចរាចរណ៍ និងគ្រឿងញៀនចំនួន១២ឃ្លីប និងរៀបចំកាតសម្គាល់ខ្លួនសមាជិក សមាជិកា ជំហានទី១ ចំនួន ៥០០កាត។
សម្រាប់ទិសដៅការងារបន្តឆ្នាំ២០២៤៖ អង្គសន្និបាតបានអនុម័ត នូវទិសដៅការងារសំខាន់ ដូចជា កៀរគរបង្កើនចំនួនសមាជិកប្រកបដោយគុណភាព រៀបចំកម្មវិធីប្រកួត ឬប្រឡងប្រណាំងពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ជាពិសេសកម្មវិធីប្រកួត ស្នាដៃពិសិដ្ឋអ្នកផលិតព័ត៌មាន បង្កើតដៃគូសហការជាមួយអង្គភាពសារព័ត៌មានបរទេស អង្គការនិងសមាគមក្រៅរដ្ឋាភិបាលក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ សហព័ន្ធ ក្លិប ចូលរួមការងារមនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ ចរាចរណ៍ គ្រឿងញៀន ពង្រឹងគុណភាព នៃការផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ចូលរួមពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត
និងលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា បើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ជំនាញអភិវឌ្ឍន៍ធនធានមនុស្ស ជំនាញកសិកម្ម ច្បាប់ ជំនាញបច្ចេកវិទ្យាឌីជីថល ជំនាញរឹង និងជំនាញទន់ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កម្មវិធីបរិច្ចាគឈាម ដាំដើមឈើ សម្អាតបរិស្ថាន ផលិតវីដេអូ និងរឿងអប់រំខ្លី ពាក់ព័ន្ធចរាចរណ៍ គ្រឿងញៀន គ្រឿងស្រវឹង និងសីលធម៌សង្គម។
បន្ថែមពីនេះ ស្របតាមអនុសាសន៍តម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត បានឯកភាពខ្ពស់ចំពោះការប្ដេជ្ញាចិត្ត និងទិសដៅការងារបន្តរបស់ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយបានជំរុញលើកទឹកចិត្ត សមាជិក សមាជិកា សមាគម បន្តរួមគ្នា ការពារសន្តិភាព ដែលជាមរតកដ៏ពិសិដ្ឋខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ពង្រឹងសាមគ្គីភាពនិងទំនាក់ទំនងល្អ បង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយព័ត៌មាន រួមបញ្ចូលប្រព័ន្ធឌីជីថល បង្កើនការផ្សព្វផ្សាយសកម្មភាពនិងសមិទ្ធផលនានារារបស់ជរដ្ឋាភិបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេស បង្កើនការផលិតវីដេអូអប់រំ បន្តសកម្មភាពសង្គមកិច្ច ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងពង្រឹងរចនាសម្ព័ន្ធសមាគមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អប្រសើរ៕
No comments:
Post a Comment