ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចពិភាក្សាលើប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចពិភាក្សាលើប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា បានអញ្ជើញ​ដឹក​នាំកិច្ចប្រជុំ និងពិភាក្សាលើប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានភាពកាន់តែល្អ​ប្រសើររួមចំណែកលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័នជាច្រើនរូបផ្សេងទៀត។ កិច្ច​ប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីវិស័យឯកជន រួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជ​កម្មកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនរកស៊ីលើវិស័យដឹកជញ្ជូនជាច្រើនរូបទៀត។

ថ្លែងបើកកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ប្រព័ន្ធភស្តុភារកម្មជាចំណែក​ដ៏​សំខាន់សម្រាប់លើកកម្ពស់ការធ្វើធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែង ហើយត្រូវបានរាជ​រដ្ឋា​ភិ​បាល​​យក​ចិត្តទុកដាក់ខ្ពស់បំផុត។

ក្នុងកិច្ចប្រជុំនេះ បានលើកបង្ហាញ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣»។ ផែនការមេនេះ បានបង្ហាញថា ដើម្បីប្រព័ន្ធភស្តុភារកម្ម​នៅ​កម្ពុជាមានភាពល្អប្រសើរ តម្រូវការវិនិយោគលើប្រព័ន្ធភស្តុភារកម្មប្រមាណ ១៧៤​គម្រោង ហើយត្រូវការទុនវិនិយោគ ៣៦.៦ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧។ ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដើម្បីដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យ​ភស្តុ​ភារ​​​​កម្ម​នៅ​កម្ពុជា។

ភស្តុភារកម្ម សំដៅដល់ការរួមបញ្ចូលគ្នាក្នុងការរៀបចំបែបបទ ការចាត់ចែង ការសម្របសម្រួល និងការ​អភិវឌ្ឍ​ធាតុសំខាន់ចំនួន៦រួមមាន៖

១៖ ប្រព័ន្ធសម្របសម្រួល បែបបទទំនិញចេញចូល និងការដឹកជញ្ជូន​ឆ្លងកាត់ព្រំដែន។

២៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងពាណិជ្ជកម្ម មានជាអាទិ៍ ផ្លូវគោក ផ្លូវដែក ផ្លូវ សមុទ្រ ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ។

៣៖ សមត្ថភាពនិងគុណភាពនៃស្ថាប័នផ្តល់សេវាភស្ដុភារកម្ម មានជាអាទិ៍ ស្ថាប័ន ដែលពាក់ព័ន្ធនឹង​ការ​ធ្វើចរាចរណ៍ ការទុកដាក់ ការចែកចាយ និងការឆ្លងកាត់ទំនិញ។

៤៖ ការផ្តល់សេវាភស្ដុភារកម្មទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត។

៥៖ ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញប្រកបដោយតម្លៃប្រកួតប្រជែងទៅទីផ្សារអន្តរជាតិ។

៦៖ ប្រព័ន្ធព័ត៌មានតាមដានរំហូរនៃការដឹកជញ្ជូនទំនិញនិងអ្នកដំណើរ។

ក្រុមប្រឹក្សាជាតិភស្តុភារកម្ម មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

* ផ្ដល់គោ​លការណ៍ណែនាំ ក្នុងការរៀបចំគោលនយោបាយ

* យុទ្ធសាស្ត ផែនការមេ ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ប្រតិបត្តិ និង អភិវឌ្ឍវិស័យភស្តុភារកម្មនៃព្រះរាជាណាចក្រកម្ពុជា

* សម្របសម្រួល និងត្រួតពិនិត្យចុងក្រោយ នូវយុទ្ធសាស្ត្រផែនការមេ ផែនការ សកម្មភាព និង​លិខិត​បទ​ដ្ឋាន​គតិយុត្តវិស័យភស្តុភារកម្ម មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច

* កំណត់អាទិភាពការអភិវឌ្ឍវិស័យភស្តុភារកម្ម រយៈពេលខ្លី រយៈពេលមធ្យម និង​រយៈ​ពេលវែង

* កៀរគរការគាំទ្រធនធានហិរញ្ញវត្ថុ បច្ចេកទេស និងធនធានមនុស្ស ដែលជា តម្រូវការចាំបាច់ ដើម្បី​ជំរុញ​​ការអភិវឌ្ឍវិស័យភស្ដុភារកម្ម ត្រួតពិនិត្យការអនុវត្តការងារ និងផ្ដល់អនុសាសន៍ណែនាំ ដើម្បីដោះស្រាយបញ្ហា​នានា​នៅ​ក្នុង​វិស័យភស្តុភារកម្ម

* ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន៕


No comments:

Post a Comment

Pages