ខេត្តកំពង់ឆ្នាំង លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជា ៣៦៤សំឡេង - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ខេត្តកំពង់ឆ្នាំង លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជា ៣៦៤សំឡេង

(កំពង់ឆ្នាំង)៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ៣៦៤សំឡេង, គណបក្សឆន្ទៈខ្មែរ ៥០សំឡេង និងគណបក្សកម្លាំងជាតិ ១៥សំឡេង រីឯគណបក្សហ្វ៊ុនស៉ិនប៉ិច មិនទទួលបានសំឡេង។

ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅខេត្តកំពង់ឆ្នាំងនេះ សម្តចចៅហ្វាវាំង គង់ សំអុល តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតលេខ៧០០១ ក្នុងសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បើយោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ទទួលបានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោតចំនួន១ គឺនៅក្នុងសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង លេខ៧០០១ និងមានអង្គបោះឆ្នោតសរុបចំនួន ៤៣១នាក់ មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ៤គណបក្ស។

គណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងខាងលើនេះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១៖១៥នាទីការិយាល័យបោះឆ្នោតក្នុងសាលាគំរូក្រុង ក្រុងកំពង់ឆ្នាំង លេខ៧០០១ ក្នុងខេត្តកំពង់ឆ្នាំង ចំណុះមណ្ឌលភូមិភាគទី៧ បានបិទការិយាល័យបោះឆ្នោតដោយមានអ្នកបានមកបោះឆ្នោតសរុបចំនួន៤៣០នាក់ ក្នុងចំណោមអង្គបោះឆ្នោតដែលមានឈ្មោះបោះឆ្នោតសរុប៤៣ ១នាក់ ក្នុងនោះមាន១នាក់ អវត្តមានព្រោះគាត់បានស្លាប់កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅស្រុកសាមគ្គីមានជ័យ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា បើតាមការ ប្រៀបធៀបនឹងចំនួនអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតជាផ្លូវការសរុបចំនួន៤៣១នាក់ គឺស្មើនឹង ៩៩.៧៦ភាគរយ អ្នកដែលបានអញ្ជើញមកបោះឆ្នោត។ ជាមួយគ្នានេះដែរ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង និងបន្តដំណើរការការិយាល័យរាប់សន្លឹកឆ្នោតតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​នីតិកាលទី៥ ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

No comments:

Post a Comment

Pages