ក្រសួងវប្បធម៌ សហការជាមួយមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង រៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ចាក់បង្គោលទប់ទ្រប្រាសាទថ្នមប្ដី នៅស្រុកកំពង់លែង - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ក្រសួងវប្បធម៌ សហការជាមួយមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង រៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ចាក់បង្គោលទប់ទ្រប្រាសាទថ្នមប្ដី នៅស្រុកកំពង់លែង

(កំពង់ឆ្នាំង)៖ ក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានសហការជាមួយមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង រួមនឹងអាជ្ញាធរស្រុកកំពង់លែង ធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដែលឃុមគ្រងព្រៃព្រឹក្សា និងថែរក្សាប្រាងប្រាសាទមួយកន្លែង ឈ្មោះប្រាសាទថ្នមប្ដី ដើម្បីធ្វើការទប់ទ្រឱ្យមានលំនឹង កុំឲ្យរលំដោយសារតែប្រាសាទទាំងពីរនេះ មានសភាពទ្រុឌទ្រោម។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់ឱ្យដឹងថា នៅក្នុងពិធីក្រុងពាលីដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ធ្វើការចាក់បង្គោលទប់ទ្រលំនឹងប្រាសាទទាំងពីរដែលមានវ័យចំណាស់ និងទ្រុឌទ្រោមខាងលើនេះ គឺមានការអញ្ជើញចូលរួមពីក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុកកំពង់លែង រួមនិងអាជ្ញាធរប្រជា ពលរដ្ឋនិងសមត្ថកិច្ចក្នុងមូលដ្ឋានជាច្រើននាក់ផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប្រាសាទថ្នមប្ដីទាំងពីរនេះ ស្ថិតនៅក្នុងភូមិជ្រលង ឃុំដា ស្រុកកំពង់លែងដែលមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង ប្រាសាទនេះបច្ចុប្បន្នក៏ទទួលបានភ្ញៀវ ទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាជាបន្តបន្ទាប់ ឯកាចាក់បង្គោលទប់ទ្រលំនឹងប្រាសាទទាំងពីរនេះ ទាំងបច្ចេកទេសនិងថវិកា គឺក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអ្នកធ្វើនិងចំណាយ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា ប្រាសាទថ្នមប្ដីមួយគូរនេះ កសាងឡើងនៅមុនសម័យអង្គរ បើគិតជាសតវត្សមានរយៈពេលជាង ១០សតវត្សមកហើយ ប្រាសាទទាំងពីរនេះមានវ័យចំណាស់ និងមានសភាពទ្រុឌទ្រោមខ្លាំងណាស់ ហេតុនេះទើបក្រសួងបានសម្រេចធ្វើការទប់ទ្រលំនឹងដើម្បីកុំឲ្យបាក់រលំ ដោយគ្រាន់តែចាក់ជន្ទល់ដើម្បីទប់ជំហអោយឱ្យមានស ភាពរឹងប៉ឹងបានយូរអង្វែងតទៅមុខទៀតសម្រាប់កូន ចៅជំនាន់ក្រោយបានស្គាល់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ចំណែករណ្ដៅនៅក្នុងប្រាសាទទាំងពីរនេះ ដែលក្រុមជនខិលខូចបានលួចកាប់កកាយរកវត្ថុបុរាណតាំងពីឆ្នាំ១៩៨៤មកនោះ កន្លងមកខាងមន្ទីរវប្បធម៌ និងវិចិត្រតសិល្បៈខេត្ត មិនហ៊ានលុបឬប៉ះពាល់នោះឡើយ តែពេលនេះក្រសួងបានធ្វើពិធីក្រុងពាលីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ដែលនៅចាំថែរក្សាប្រាងប្រាសាទទាំងពីរនេះ ដើម្បីចាក់ទាំងបង្គោលទប់ទ្រប្រាសាទ និងលុបទាំងរណ្ដៅក្នុងប្រាសាទទាំងពីរខាងលើនេះផងដែរ៕

No comments:

Post a Comment

Pages