សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសបារាំង - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសបារាំង

(ប៉ារីស, ស្វីស)៖ នៅវេលាម៉ោងប្រមាណជា៨យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង២ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​អញ្ជើញដល់ទី​ក្រុង​ប៉ារីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និងលោកជំទាវ​បណ្ឌិត ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់​ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង​ ព្រមទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​បារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសបារាំង តបតាម​ការ​អញ្ជើញរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ច​សន្ទនា​ផ្លូវការ​ជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាស​ដ៏ប្រសើរ​សម្រាប់​រដ្ឋាភិបាល នៃប្រទេសទាំងពីរ​បញ្ជាក់​ជា​ថ្មីនូវ​ការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់​ទំនាក់​ទំនងជាប្រពៃណី​នៃមិត្តភាព​ដ៏ស្និទ្ធស្នាល និងល្អប្រសើរ​ឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការ​សកម្ម​ភាព​ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែល​ផ្តល់​ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយ​បញ្ហាប្រឈម​សកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែល​ផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន​នឹងត្រូវ​ចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំងផងដែរ៕

No comments:

Post a Comment

Pages