សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ទៅដល់ស្ពានអ្នកលឿង - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ទៅដល់ស្ពានអ្នកលឿង

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ភាគីជប៉ុនជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ទៅដល់ស្ពានអ្នកលឿង។

ការស្នើយ៉ាងដូច្នេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាង​សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុង​ព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានចាត់ទុកជប៉ុនជាមិត្តដ៏សំខាន់សម្រាប់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងបន្តទៅអនាគត។ ជាក់ស្ដែងតាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា ហៅកាត់ JICA ជប៉ុនបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូន ក្នុងនោះហេដ្ឋារចនាសម្ពន្ធ ផ្លូវ ស្ពាន និងសំណង់ធំៗជាច្រើនក៏បានលេចឡើងជាបន្តបន្ទាប់ផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីជប៉ុនតាមរយៈអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន សូមជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននៅកម្ពុជាបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញដល់ស្ពានត្សឹបាសា ឬស្ពានអ្នកលឿង និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្ដីតាកុយ-អរិយក្សត្រ ដែលបច្ចុប្បន្នមានទីភ្នាក់ងារ JICA កំពុងពិនិត្យសំណើរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើដល់មិត្តជប៉ុនតាមរយៈឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននៅកម្ពុជាបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញដល់ស្ពានត្សឹបាសា ឬស្ពានអ្នកលឿង»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ដោយសារប្រទេសជប៉ុនជាប្រទេសជឿនលឿនលើវិស័យហេដ្ឋារចសម្ពន្ធផ្លូវស្ពាន ដូច្នេះសម្ដេចធិបតីស្នើឱ្យអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន សូមជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធីផ្លាស់ចំណេះដឹងនិងជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាលើការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរបស់ប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង៕

No comments:

Post a Comment

Pages