នាឱកាសដ៏ពិសេសនេះ អង្គពិធីបានបង្ហាញការអបអរសាទរជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានមហាសន្និបាត បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្ស និងបានសាទរ លោក ហ៊ុន ម៉ានី ដែលមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ក្រោយបានស្តាប់ការអានសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត និងការប្រកាសសមាសភាពដែលត្រូវបានជ្រើសតាំងរួចមក លោក ហ៊ុន ម៉ានី បានថ្លែងរំលឹកពីដំណើរប្រវត្តិសាស្ត្រដែលកម្ពុជា បានឆ្លងកាត់ជាច្រើនដំណាក់កាល គិតចាប់ត្រឹមពីការទទួលបានឯករាជ្យ ការឆ្លងកាត់សម័យសង្គមតរាស្ត្រនិយម សម័យសង្គ្រាម របបប្រល័យពូជសាសន៍ខ្មែរក្រហម និងដំណាក់កាលនៃការតស៊ូ រំដោះប្រទេសពីរបបខ្មែរក្រហម ឈានដល់ដំណើរស្វែងរកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនដោយគណបក្សប្រជាជន។
មកដល់ចំណុចនេះ លោកបានរំលឹកជូនសមាជិកសមាជិកាបក្ស នូវខួប ៧០ឆ្នាំនៃការទទួលបានឯករាជ្យជាតិ, ខួប ២៥ឆ្នាំ នៃការទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន, និងការជិតមកដល់នៃខួប ៤៥ឆ្នាំនៃទិវាជ័យជម្នះ ៧មករាផងដែរ។
ផ្សាភ្ជាប់ចំណុចខាងលើដែរ លោក ហ៊ុន ម៉ានី ក៏បានផ្ដល់ទស្សនទានជុំវិញសណ្ដាប់ធ្នាប់ពិភពលោក ស្ថានភាពប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ បរិបទវិបត្តិជំងឺកូវីដ១៩ បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាសង្គ្រាម ដែលបាន និងកំពុងជះឥទ្ធិពលមកលើសេដ្ឋកិច្ចនិងនយោបាយសកល និងកម្ពុជា។
យ៉ាងណាក្តី លោកបានគូសបញ្ជាក់ថា កម្ពុជានៅតែរក្សាបាននូវភាពធន់ ដោយរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ព្រមទាំងបំពេញបានយ៉ាងល្អប្រសើរនូវកាតព្វកិច្ចកម្ពុជាក្នុងកិច្ចការអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ជូនសមាជិក សមាជិកា ចំពោះជំហានឆ្ពោះទៅមុខ របស់កម្ពុជា ក្នុងការឈានទៅសម្រេចមហិច្ឆតាប្រែក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
លោក ហ៊ុន ម៉ានី បានណែនាំឲ្យសមាជិក សមាជិកា ទាំងអស់ពង្រឹងភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នលើគ្រប់វិស័យ ស្របតាមមាគ៌ានយោបាយដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមជាកម្លាំងក្នុងការអភិវឌ្ឍជាតិ ការពាររដ្ឋធម្មនុញ្ញ សន្តិភាព ប្រជាធិបតេយ្យ អធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងប្រជាជន ធានាបាននូវកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងគោលនយោបាយការបរទេសដ៏ត្រឹមត្រូវ។
លោកបានណែនាំ ដល់សមាជិក សមាជិកា បក្សទាំងអស់ឲ្យចូលរួមបំពេញតួនាទីភារកិច្ចទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងគណបក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលនយោបាយគណបក្ស ព្រមទាំងទស្សនវិស័យដឹកនាំរបស់ សម្ដេចធិបតី និងសូមឲ្យធ្វើការបន្តផ្សព្វផ្សាយសេចក្ដីសម្រេចរបស់មហាសន្និបាតវិសាមញ្ញរបស់គណបក្ស ជូនដល់សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋានទាំងអស់ឲ្យបានជ្រួតជ្រាប៕
No comments:
Post a Comment