ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អំពាវនាវអ្នកអភិវឌ្ឍលំនៅស្ថាន រួមគ្នាអនុវត្តអនុសាសន៍សម្តេចធិបតី ឲ្យប្រជាជនខ្មែរ មានផ្ទះសម្បែងនៅសមរម្យ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អំពាវនាវអ្នកអភិវឌ្ឍលំនៅស្ថាន រួមគ្នាអនុវត្តអនុសាសន៍សម្តេចធិបតី ឲ្យប្រជាជនខ្មែរ មានផ្ទះសម្បែងនៅសមរម្យ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់អ្នកអភិវឌ្ឍលំនៅស្ថានទាំងអស់ រួមគ្នាអនុវត្តអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឃើញប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងរស់នៅសមរម្យ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (សវសសក) និងការចុះអនុស្សារណៈ និងជំនួបធុរកិច្ច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី។

លោកបានអបអរសាទរ ដែលសមាគម សវសសក បានប្តូរអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្មនិងស្ថាបត្យកម្មពីប្រទេសចិន, សមាគមអតីតនិស្សិតខ្មែរមកពីប្រទេសសឹង្ហបុរី, សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា, សមាគមអភិវឌ្ឍឧស្សាហកម្មរ៉ូបូតកម្ពុជា និងសហគមន៍ INNEX ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងបើយើង ៣ ឬ៤នាក់ យើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជួយគ្នាទៅវិញទៅមក ហើយជួយ Formulate policy (បង្កើតគោលនយោបាយ)។ ខ្ញុំអនុវត្តគោលនយោបាយរបស់សម្តេចធិបតី។ សម្តេចធិបតី មានប្រសាសន៍ថា ឥលូវធ្វើម៉េចឲ្យប្រជាជនខ្មែរគ្រប់រូប មានផ្ទះសម្បែងនៅស្រួលបួល ជីវភាពសមរម្យ [...]»។

អនុស្សារណៈនៃការយោគយល់គ្នា ទាំង ៦ស្ថាប័ន ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖

* ១៖ សហការ និងគាំទ្រគ្នាលើការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាអប់រំ កម្មវិធីពិព័រណ៍ ការប្រកួតប្រជែងស្នាដៃ ការងារសង្គម មនុស្សធម៌ និងសប្បុរសធម៌

* ២៖ គាំទ្រគ្នាលើការផ្សារភ្ជាប់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍទាំងក្នុងនិងក្រៅប្រទេស ដោយធ្វើការជាមួយគ្នា

* ៣៖ ការទទួលសិស្សនិស្សិតចុះកម្មសិក្សាផ្ទាល់ដល់រោងចក្រ សហគ្រាស ក្រុមហ៊ុន ព្រមទាំងផ្តល់ឱកាសហាត់ការ និងការងារ

* ៤៖ ការផ្តល់ឱកាសអាជីវកម្ម និងគម្រោងពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក

* ៥៖ ការជួយប្រឹក្សាយោបល់គ្នាទៅវិញទៅមក លើជំនាញវិជ្ជាជីវៈរបស់សមាគម។

លោក សេង ប៊ុនវីរៈ ប្រធានគណៈកម្មការប្រតិបត្តិ សមាគម សវសសក បានឲ្យដឹងថា សមាគមបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន ០៥ ដូចខាងក្រោម៖

* ១៖ ការប្រមូលផ្តុំធនធានមនុស្ស៖ ប្រមូលផ្តុំអ្នកបច្ចេកទេស វិស្វករ ស្ថាបត្យករ អ្នកសាងសង់ អ្នកវិនិយោគ អ្នកមានចំណេះដឹងពាក់ព័ន្ធ ដើម្បីចូលរួមបំពេញទិសដៅអភិវឌ្ឍក្នុងវិស័យសំណង់កម្ពុជា ប្រកបដោយស្មារតីសាមគ្គីភាព

* ២៖ ការកៀរគរអ្នកវិនិយោគ៖ ពង្រឹងយន្តការសម្របសម្រួលទំនាក់ទំនង និងកៀរគរអ្នកវិនិយោគជាតិ និងអន្តរជាតិ លើវិស័យសំណង់ ស្ថាបត្យកម្ម និងការវិនិយោគអចលនទ្រព្យ ដើម្បីពង្រីកវិសាលភាពវិស័យសំណង់ និងស្ថាបត្យកម្មកម្ពុជា

* ៣៖ ការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពរបស់សមាជិកសមាគម

* ៤៖ ការផ្តល់ឱកាសអាជីវកម្ម៖ ជួយស្វែងរកប្រភពចំណូលជូនសមាជិក និងសម្របសម្រួលភាពជាដៃគូក្នុងការអនុវត្តគម្រោង

* ៥៖ ការបណ្តុះបណ្តាល៖ ចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ លើជំនាញ និងបច្ចេកវិទ្យាពាក់ព័ន្ធ វិស័យសំណង់ ស្ថាបត្យកម្ម និងវិនិយោគ៕

No comments:

Post a Comment

Pages