បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនោះ លោកអគ្គប្រតិភូសមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង នាពេលនេះ។
ជាមួយគ្នានេះដែរ លោកក៏បានលេីកឡេីង អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្រប ដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ និងស្វែងយល់បន្ថែមលេីគម្រោងពីមុន រវាងរដ្ឋបាលរាជធានីភ្នំពេញ និង AIMF។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអគ្គប្រតិភូ ក៏បានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លេីកទី១០៣ នៅទីក្រុងវ៉េ (Hué) សាធារណរដ្ឋសង្គមនិយមវៀតណាម នៅខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជាកិច្ចឆ្លេីយតប លោក ឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះលោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។
លោកអភិបាលរាជធានីក៏បានថ្លែងអំណរគុណដល់សមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញ តាមរយៈគម្រោងនានាកន្លងមក ជាពិសេសគឺការផ្តល់ទំនុកចិត្តខ្ពស់ និងបោះឆ្នោតឱ្យរាជធានីភ្នំពេញ បន្តជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងគាំទ្រ ជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ។
លោកស្រីបញ្ជាក់ទៀតថា ចំពោះកិច្ចប្រជុំនៅទីក្រុងវ៉េ ប្រទេសវៀតណាម លោកអភិបាលរាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង៕
No comments:
Post a Comment