ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចូលរួមក្នុងកិច្ចប្រជុំនោះរួមមានវត្តមាន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត និងមន្រ្ដីរាជការ សរុបប្រមាណ ៦៧៩នាក់។

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចលទ្ធផលតាមកម្មវិធីអាទិភាពទាំង៤របស់ក្រសួង រួមមាន៖

ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបាន ៤៤%

ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានលទ្ធផលប្រមាណ ៣៦%

ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ សម្រេចបានលទ្ធផលប្រមាណ ៥២%

ទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានលទ្ធផលប្រមាណ ៤៧%។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានឲ្យដឹងថា ដើម្បីបន្តពន្លឿនកិច្ចការអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយ បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងផ្អែកលើបាវចនាចំនួន៥ គឺ ទី១.ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ប្រមាណ ៧% ក្នុងមួយឆ្នាំ, ទី២.បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣.សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤.បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥. ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៤៖

ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព។

ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរកសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើតភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមសហគមន៍ជនបទ និងជាពិសេសសហគមន៍ជនជាតិដើមភាគតិច។

ទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការស្របតាមគោលការណ៍ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីទាំងអស់នៃក្រសួង និងបានលើកឡើងពីគុណូបការៈនៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ព្រមទាំងបទពិសោធន៍ដឹកនាំដែលជាគំរូល្អៗសម្រាប់ការដឹកនាំបន្តវេន។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង បង្កើនល្បឿនការអនុវត្តការងារស្នូល ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅជនបទ និងសម្រេចបានតាមផែនការគ្រោងទុក៕

No comments:

Post a Comment

Pages