កងទ័ពស៊ូដង់ ច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ឱ្យត្រលប់មករកតុចរចាសន្តិភាពវិញ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

កងទ័ពស៊ូដង់ ច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ឱ្យត្រលប់មករកតុចរចាសន្តិភាពវិញ

 

(ខាទុំ)៖ កងទ័ពស៊ូដង់ កាលពីថ្ងៃពុធសប្តាហ៍នេះ បានច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ឱ្យត្រលប់មករកកិច្ចពិភាក្សាសន្តិភាព ជាមួយភាគីកងកម្លាំងទាហានប៉ារ៉ា (RFS) បន្ទាប់មានជំនួបតាមទូរស័ព្ទរវាងលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។

លោក Blinken បានពិភាក្សាជាមួយលោក Burhan អំពីតម្រូវការបញ្ចប់សង្គ្រាម និងការបន្តកិច្ចចរចាដែលសហរដ្ឋអាមេរិករៀបចំឱ្យ នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប់គាំងអស់ជាច្រើនខែមកហើយ ក្រោយបរាជ័យក្នុងការសម្រេចបានបទឈប់បាញ់ ប្រកបដោយនិរន្តរភាព។ ប៉ុន្តែ លោក Malik Agar មន្រ្តីថ្នាក់លេខ ២របស់លោក Burhan នៅក្នុងក្រុមប្រឹក្សាប្រជាធិបតេយ្យអន្តរកាល នៃប្រទេសស៊ូដង់ បញ្ជាក់ថា «យើងនឹងមិនទៅ Jeddah ទេ ហើយអ្នកណាដែលចង់ឱ្យយើងធ្វើបែបនោះ គួរតែសម្លាប់យើង ក្នុងប្រទេសរបស់យើង ហើយយកសាកសពរបស់យើងទៅទីនោះ»។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានស្លាប់ និងជាង ៩លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង នៅក្នុងសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF ដែលផ្ទុះឡើង កាលពី ខែមេសា ឆ្នាំ២០២៣ ជុំវិញផែនការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយសេរី។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានបន្តនៅតំបន់ភាគខាងជើងនៃរដ្ឋធានីខាទុំ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយអ្នកស្រុករាយការណ៍ថា មានការទម្លាក់គ្រាប់បែកពីលើអាកាសយ៉ាងខ្លាំងក្លា និងការបាញ់ផ្លោងដោយកាំភ្លើងធំ៕

No comments:

Post a Comment

Pages