អភិបាលខេត្តស្វាយរៀង រៀបចំពិធីបុណ្យឆ្លងបណ្ណាល័យសាលាពុទ្ធិកបឋមសិក្សា និង សម្ពោធសមិទ្ធផលនានា - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

អភិបាលខេត្តស្វាយរៀង រៀបចំពិធីបុណ្យឆ្លងបណ្ណាល័យសាលាពុទ្ធិកបឋមសិក្សា និង សម្ពោធសមិទ្ធផលនានា

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានធ្វើពិធីបុណ្យឆ្លងបណ្ណាល័យសាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតនៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ និងរន្ទះជាដើម ហើយក៏សូមឲ្យអាជ្ញាធរ ត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពេលមានគ្រោះធម្មជាតិកើតឡើង ជាមួយនិងការបន្តការយកចិត្តទុកដាក់តាមដានការប្រើប្រាស់ទឹកនៅតាមបណ្ដាមូលដ្ឋាន ទាំងនៅក្នុងការបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយ ខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំជ្រុងពពេលយើងនេះ ក៏ដូចជានៅទូទាំងស្រុករំដួលផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍សា បានបន្តថា សមិទ្ធផលជាច្រើនដែលកើតមានឡើងនៅក្នុងវត្តកែវមណីរាម បើទោះបីជាវត្តទើបតែផ្ដួចផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ និងមានអាយុកាលត្រឹមតែ ១៦ឆ្នាំយ៉ាងណាក្ដី។

ឯកឧត្តមបានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ជាពិសេសឧបាសក ហែម អាន និងក្រុមគ្រួសារ ដែលបានចូលរួមគាំទ្រ និងកសាងនូវសមិទ្ធផល នៅក្នុងវត្តកែវមណីរាម ដោយបានចំណាយថវិកាសាងសង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

ឯកឧត្តមថា «តម្លៃនៃសន្តិភាពដែលយើងរកបាននេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់ការរីកចម្រើននូវជីវភាពប្រជាជន តាមរយៈការអភិវឌ្ឍជាច្រើន ដូច្នេះទំនាក់ទំនងរវាងសន្តិភាព និងសង្គ្រាម សន្តិភាព និងការអភិវឌ្ឍ គឺសំខាន់ណាស់។ វាទាមទារឲ្យប្រជាពលរដ្ឋរបស់យើងរួមគ្នារក្សាសន្តិភាពឲ្យខានតែបាន»។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់អំណោយដល់យាយជី តាជី ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ និងថវិកា ៤០.០០០រៀល លោកគ្រូ អ្នកគ្រូ ២២នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១ ក្រម៉ា ១ និងថវិកា ៤០.០០០រៀល សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ៣ក្បាល ប៊ិក២ដើម ខ្មៅដៃ១ និងបន្ទាត់១មុឺនរៀល ប្រជាការពារភូមិ ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង ១ក្រម៉ា ១ និងថវិកា ២០.០០០រៀល ប្រជាពលរដ្ឋក្រមា១ សារុង១និងថវុកា២មុឺនរៀល សាលាស្រុករំដួល២០មុឺនរៀល សាលាឃុំជ្រុងពពេល២០មុឺនរៀល នគរបាលប៉ុស្តិ៍រដ្ឋបាល២០មុឺនរៀល អធិការដ្ឋាននគរបាលស្រុករំដួល បញ្ជាការដ្ឋានកងរាជវុធហត្ថស្រុក២០មុឺនរៀល សឹករងស្រុក២០មុឺនរៀល ចូលបច្ច័យបុណ្យសពក្មេងប្រុសម្នាក់ដែលលង់ទឹកស្លាប់ កាលពីថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២៤ ម្សិលមិញចំនួន១លានរៀល និងប្រគេនបច្ច័យនិងចំណាយផ្សេងៗ សរុបចំនួន២៩លានរៀលផងដែរ៕

 

No comments:

Post a Comment

Pages