សម្ដេចធិបតី៖ ក្រោយព្រឹត្តិការណ៍បុណ្យទន្លេបញ្ចប់ដោយជោគជ័យ ព្រឹត្តិការណ៍សមរាត្រីអង្គរ​នឹងចូលមកដល់ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

សម្ដេចធិបតី៖ ក្រោយព្រឹត្តិការណ៍បុណ្យទន្លេបញ្ចប់ដោយជោគជ័យ ព្រឹត្តិការណ៍សមរាត្រីអង្គរ​នឹងចូលមកដល់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ថា ក្រោយពីព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ បានបញ្ចប់ទៅដោយជោគជ័យ ព្រឹត្តិការណ៍​សមរាត្រី​អង្គរ នឹងឈានចូលមកដល់ ហើយព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តនៅសៀមរាបអង្គរកាន់តែច្រើន ។តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី អបអរ​សាទរ​ចំពោះ​ពិធី​បុណ្យ​ទន្លេ​ លើក​ទី៨ រយៈពេលបីថ្ងៃ នៅលើទឹកដីខេត្តសៀមរាប ដែល​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ និងមានភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ពោរ​ពេញ​ដោយ​ក្តីសប្បាយរីករាយ។

សម្ដេចធិបតីបានបន្តថា ក្នុងខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺ​ព្រឹត្តិការណ៍​សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលា​ដែល​ព្រះអាទិត្យ​រះចំ​ពី​លើ​កំពូល​ប្រាសាទ​អង្គរវត្ត ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិ ទៅ​កម្សាន្ដនៅ​ខេត្តសៀមរាប កាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ។

សម្ដេចធិបតី​នាយករដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ឆ្នាំ២០២៤នេះ ក្រសួង​ទេសចរណ៍​​បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូប ព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី១លានរៀល ដល់៣លានរៀល ព្រម​ទាំង​លិខិត​សរសើរ​ផង​ដែរ។

ការទទួលរូបថត គឺធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ ខែមីនា ដោយផ្ញើទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ ហើយក្រុមការងារ នឹងធ្វើការវាយតម្លៃរូបថត ដែលស្អាតជាង​គេ​ចំនួន​១០​សន្លឹក ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សាព្វផ្សាយនានា របស់ក្រសួង​ទេសចរណ៍​ ហើយជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ ខណៈព្រឹត្តិការណ៍​សមរាត្រី​អង្គរ​ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ក្នុងសប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី២១ ២២ និង២៣ ខែមីនា។

បើយោង​តាមមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើកទី​៨ នាខេត្តសៀមរាប ដែលធ្វើឡើងនៅថ្ងៃទី១៥ ១៦ និង១៧ ខែមីនាកន្លងទៅនេះ មាន​ភ្ញៀវ​ទេសចរ​ជាង ៥៥ម៉ឺននាក់ ទៅលេងកម្សាន្ត ដែលក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជាង ៣ម៉ឺននាក់៕ 



No comments:

Post a Comment

Pages