ក្រសួងទូរគមនាគមន៍ បន្តចុះអនុស្សរណៈលើការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតជាមួយស្ថាប័ន ៣ថែមទៀត - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ក្រសួងទូរគមនាគមន៍ បន្តចុះអនុស្សរណៈលើការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតជាមួយស្ថាប័ន ៣ថែមទៀត

 ក្រសួងទូរគមនាគមន៍ បន្តចុះអនុស្សរណៈលើការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតជាមួយស្ថាប័ន ៣ថែមទៀត

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដោយលោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ, សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលា, បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ តំណាងដោយ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ តំណាងដោយឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ។

ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ ក.ប.ទ. និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំទាំង ៣ សរុបប្រមាណ ២៥០នាក់ផងដែរ។

អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ក្នុងចំណោមអ្នករាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ នៃព្រះរាជាណាចក្រកម្ពុជា និយាយជារួម ហើយនិយាយដោយឡែក គឺជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្តួចផ្តើមដោយ ក.ប.ទ. ដែលមានការចូលរួមពីគ្រឹះស្ថានអប់រំរដ្ឋ ៣សំខាន់ៗ ដើម្បីបង្កើនមូលធនមនុស្សឌីជីថលក្នុងក្របខណ្ឌ ៣ ក្នុងពេលតែមួយ គឺ ស៊ីវិល នគរបាល និងយោធា។

អនុស្សរណៈនេះ ក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំទាំង ៣ ចំពោះការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះសា្ថនអប់រំរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃសញ្ញាបត្រនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

No comments:

Post a Comment

Pages