សិស្សនៃវិជ្ជាជីវៈ ចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ជាង១០០នាក់ ទទួលបានចំណេះដឹង ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

សិស្សនៃវិជ្ជាជីវៈ ចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ជាង១០០នាក់ ទទួលបានចំណេះដឹង ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា

(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងសមាគមច្បាប់អាស៊ាន ជូនដល់សិស្សនៃវិជ្ជាជីវៈ ចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី នៃបណ្ឌិត្យសភាភូមិន្ទកម្ពុជាសរុបចំនួន ១៣៩ រូប។

កម្មវិធី ត្រូវបានធ្វើឡើងនៅសាលមរតកតេជោនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ ខណៈអ្នកធ្វើបទឧទ្ទេសនាម ក៏មានលោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មការជាតិ អមដោយ លោក ប៊ុនយ៉ៃ ណារិន អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងលោក ស្រ៊ុន ធីរិទ្ធ សមាជិកគណៈកម្មាធិការជាតិ។

នាឱកាសនោះ លោក លី ច័ន្ទតុលា បានលើកឡើងថា កន្លងមក គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន បានចូលរួមចំណែកបង្ហាញអំពីទិដ្ឋភាពច្បាប់កម្ពុជា ទៅកាន់ប្រទេសអាស៊ាន ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងទាក់ទាញវិនិយោគិនបរទេស។

គូសបញ្ជាក់ថា គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ តាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ដើម្បីធ្វើការប្រមូលផ្តុំអ្នកដែលមានវិជ្ជាជីវៈច្បាប់ ដូចជា មេធាវី ចៅក្រម ព្រះរាជអាជ្ញា សាស្រ្តាចារ្យច្បាប់ និង មន្ត្រីអនុវត្តច្បាប់។៊

ផ្អែកតាមអនុក្រឹត្យនេះ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា មានតួនាទី និងភារកិច្ចដូចតទៅ៖

*បង្កើត និងអនុវត្តស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន

*ចូលរួមប្រជុំ និងធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់សមាគមច្បាប់អាស៊ាន

*ចូលរួមបង្ហាញអំពីទិដ្ឋភាពច្បាប់របស់ប្រទេសកម្ពុជា ជាមួយអ្នកច្បាប់នៃបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងទាក់ទាញវិនិយោគិន

*ទទួលរៀបចំព្រឹត្តិការណ៍នៃកិច្ចប្រជុំសមាគមច្បាប់អាស៊ាន តាមវេនដោយសម្របសម្រួលជាមួយនឹងកិច្ចប្រជុំក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន ដោយសហការជាមួយតុលាការកំពូល៕

No comments:

Post a Comment

Pages